ឯកឧត្ដម ឈើយ ចាន់ណា បានអញ្ជើញចូលរួមក្នុងពិធី សន្និបាតសមាគមមូលនិធិមនុស្សចាស់ ខេត្តបន្ទាយមានជ័យ អាណត្តិទី២ ក្រោមអធិបតីភាព ឯកឧត្ដមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី
នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំធំសាលាខេត្តបន្ទាយមាជ័យ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមក្នុងពិធី សន្និបាតសមាគមមូលនិធិមនុស្សចាស់ ខេត្តបន្ទាយមានជ័យ អាណត្តិទី២ ក្រោមអធិបតីភាព ឯកឧត្ដមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានការចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិករដ្ឋសភា រាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ត ឯកឧត្ដម លោកជំទាវ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្រ្តីរាជការ សប្បុរសជន សរុបចំនួន២៧២នាក់។ ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូយកចិត្តទុកដាក់ដល់មនុស្សវ័យចាស់គ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ ជាពិសេសចំពោះការបញ្ជាដឹកនាំប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ របស់សម្តេចតេជោ ដែលជាសមិទ្ធិកម្មប្រវត្តិសាស្រ្តថ្មីមួយទៀត សម្រាប់ប្រជាជនកម្ពុជានៅទូទាំងប្រទេស។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា អង្គសន្និបាតនៅថ្ងៃនេះ គឺដើម្បីបូកសរុបលទ្ធផលការងារមនុស្សចាស់ដែលយើងបានបង្កើតឡើង តាំងពីអាណត្តិទី១ ឆ្នាំ២០១៦ រហូតមកដល់ឆ្នាំ២០២១ និងប្រកាសសមាភាពថ្នាក់ដឹកនាំសមាគមមូលនិធិមនុស្សចាស់អាណត្តិទី២ ព្រមទាំងទិសដៅការងារដែលសមាគមត្រូវអនុវត្តបន្តដើម្បីធ្វើឲ្យប្រសើរដល់ការគាំពារដល់មនុស្សវ័យចាស់ នៅក្នុងខេត្តបន្ទាយមានជ័យយើង។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា តែងបានផ្តល់នូវក្តីអាណិតស្រលាញ់ សណ្តោសប្រណី យកចិត្តទុកដាក់ និងគិតគូរខ្ពស់ពីសុខទុក្ខលោកយាយ លោកតា បង ប្អូន ដែលជាមនុស្ស វ័យចាស់ និងប្រជាពលរដ្ឋទាំងអស់គ្រប់ពេលវេលា។ រាជរដ្ឋាភិបាលកម្ពុជា បានអភិវឌ្ឍជាបន្តបន្ទាប់នូវគោលនយោបាយមនុស្សចាស់ យន្តការ និងសកម្មភាពផ្សេងៗទៀតដើម្បីជួយគាំពារមនុស្សចាស់។ ដូចនេះ ការបង្កើតឡើងនូវសមាគមមនុស្សចាស់ សមាគមអតីតយុទ្ធជន និងជាពិសេសសមាគមមូលនិធិមនុស្សចាស់ក្នុងខេត្តបន្ទាយមានជ័យ គឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យមនុស្សវ័យចាស់។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានណែនាំឲ្យសមាគមមូលនិធិមនុស្សចាស់បន្តខិតខំសហការគ្នាពង្រឹងយន្តការដឹកនាំ សកម្មភាពមនុស្សចាស់តាមមូលដ្ឋាន និងកៀគរការគាំទ្រពីក្រសួង ស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ អាជ្ញាធរមូលដ្ឋាន អង្គការជាតិ និងអន្តរជាតិ ដែលធ្វើការងារមនុស្សចាស់។ អាជ្ញាធរ និងអង្គភាពពាក់ព័ន្ធត្រូវគាំទ្រគ្រប់មធ្យាបាយដល់មនុស្សវ័យចាស់នៅតាមមូលដ្ឋាន។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានភ្ជាប់មកជាមួយអំណោយជូនលោកតា លោកយាយជានិវត្តន៍ជន ចំនួន៦៥នាក់ ដែលម្នាក់ៗទទួលបាន គ្រឿងឧបភោគ បរិភោគ សម្ភារ:ប្រើប្រាស់និងថវិកាមួយចំនួន។ ថវិកាវិភាគទានដែលបានចូលរួមជាមួយមូលនិធិនាពេលនេះ មានចំនួនជាង១២០.០០០ដុល្លារអាមេរិក ជាមួយគ្នានេះ ឯកឧត្ដម ឈើយ ចាន់ណា និងលោកជំទាវ ក៏បានចូលរួមវិភាគទានថវិកា ចំនួន៥០០ដុល្លារអាមេរិកផងដែរ។